នៅដើមសតវត្សរ៍ទី១៩ ប្រទេសកម្ពុជានិងប្រទេសលាវ ត្រូវរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយត្រូវប្រឈមមុខនឹងការរលាយបាត់រូបរាងពីផែនទីពិភពលោក ដូចប្រទេសចម្ប៉ាក្នុងអតីតកាល ពីសំណាក់ប្រទេសយួននិងសៀម។
ក្នុងឆ្នាំ១៨២០ ស្តេចយួនឈ្មោះ មិញ-ម៉ាង បានធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ក្នុងការចែកប្រទេសកម្ពុជាជាពីរ។ ព្រំដែនដែលគេបានបែងចែកនោះ គឺចាប់ផ្តើមពីត្រឹមព្រំដែនខេត្តពោធិសាត់ និងខេត្តបាត់ដំបង នៅត្រង់ម្តុំស្វាយ ដូនកែវ ឆ្លងកាត់ទន្លេសាបទៅម្លូរព្រៃ រួចឆ្ពោះទៅស្ទឹងត្រែង ហើយបង្ហួសទៅទល់ព្រំដែន ខ្មែរ-យួនសព្វថ្ងៃ។
ដីមួយភាគបីដែលនៅខាងលិចនិងខាងជើងខ្សែបន្ទាត់នេះ ត្រូវបានទៅសៀម ចំណែកពីរភាគបីនៅខាងក្រោម គឺនៅខាងកើតនិងខាងត្បូងខ្សែបន្ទាត់ត្រូវបានទៅយួន។ យួនបានដាក់ឈ្មោះទឹកដីថ្មីនេះ ថាខេត្ត ត្រាន-តាយ-ថាញ ដោយដាក់មេទ័ពយួនម្នាក់ ឈ្មោះ ត្រឿង-មិញ-យ៉ាង ជាអភិបាលខេត្ត ថ្មីនេះ។
ក្រោយមកមិនយូរប៉ុន្មាន យួនបានចាប់ផ្តើមអនុវត្តន៍នយោបាយ ធ្វើខ្មែរឲ្យទៅជាយួន ដូចជាបង្ខំឲ្យខ្មែរកាន់ទំនៀមទម្លាប់តាមយួន នឹងផ្លាស់ប្តូរឈ្មោះភូមិស្រុកខ្មែរឲ្យទៅជាយួនជាដើម។ នយោបាយដ៏តឹងរ៉ឹងនិងឆ្កួតលីលានេះ បានធ្វើឲ្យប្រជារាស្ត្រខ្មែរមានការក្តៅក្រហាយយ៉ាងខ្លាំង។ ការបះបោះប្រឆាំងយួន ដែលដឹកនាំដោយព្រះអង្គឌួង ដោយមានជំនួយពីសៀមផងនោះ បានរីករាលដាលគ្រប់ទីកន្លែង នៃព្រះរាជាណាចក្រកម្ពុជា។ ត្រឿង-មិញ-យ៉ាង ដែលជាអភិបាល ខេត្តថ្មី ត្រូវបង្ខំចិត្តដកទ័ពចេញពីប្រទេសខ្មែរ ដោយទៅបោះទីតាំងនៅខេត្ត ឡុង-អាន នៅឆ្នាំ ១៨៤២ រងចាំឱកាសល្អនឹងវិលត្រឡប់មកវិញម្តងទៀត។
ចំណែកឯភូមិភាគខាងជើងនិងខាងលិចខ្សែបន្ទាត់នោះវិញ មានខេត្ត បាត់ដំបង ពោធិសាត់ ម្លូព្រៃ ទន្លេរពៅ និងស្ទឹងត្រែង ត្រូវសៀម កាន់កាប់រហូតដល់ឆ្នាំ១៩០៧ ទើបប្រគល់មកឲ្យខ្មែរវិញ។ ការដែលសៀមព្រមប្រគល់ខេត្តទាំងឡាយនោះ មកខ្មែរ ដោយសារការគាប់សង្កត់ផ្នែកការទូត និង ផ្នែកយោធាពីប្រទេសបារាំង ដោយដោះដូរដែនដីទាំងនោះទៅនឹងខេត្ត ត្រាត និង ចន្ទតាប៊ុន ដែលក្នុង អតីតកាលក៏ជាទឹកដីរបស់ខ្មែរ ឲ្យទៅសៀមវិញ។ ការ ដាក់អាណានិគមរបស់បារាំង មកលើឥណ្ឌូចិន គឺជាហ្វ្រាំងដ៏សក្តិសិទ្ធិមួយ ទប់មិនឲ្យយួននិងសៀមលេបយកប្រទេសខ្មែរនិងលាវបាននៅក្នុងសតវត្សរ៍ទី១៩។
បើយើងក្រឡេកមើលទៅកម្ពុជាក្រោមវិញ មុនពេលបារាំងចូលមកដល់ ថ្វីត្បិតតែទឹកដីនេះត្រូវយួនចាប់ផ្តើម លុកលុយ តាំងតែពិសតវត្សរ៍ទី១៧ មកក៏ដោយក៏យួនមិនទាន់ត្រួតត្រាទឹកដីនេះបានទាំងស្រុងនៅឡើយ។ មានខេត្តខ្លះ ដូចជាខេត្តព្រះត្រពាំង ខេត្តឃ្លាំងជាដើម ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរនៅឡើយ។ ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងខេត្តទាំងនោះ នៅតែបន្តធ្វើ ការតស៊ូដើម្បីការពារទឹករបស់ខ្លួនជានិច្ច។ នៅទីនេះខ្ញុំសូមលើកយកប្រវត្តតិស៊ូរបស់ប្រជារាស្ត្រខ្មែរខេត្តព្រះត្រពាំង ក្រោមការដឹកនាំរបស់ឧកញ៉ា សឺន គុយ ដែលវីរបុរសគំរូសំរាប់ខ្មែរក្រោមគ្រប់រូប មកលាតត្រដាងជូនជនរួមជាតិដូចតទៅ៖
លោកឧកញ៉ា សឺន គុយ ជាអតីតអភិបាល ខេត្តព្រះត្រពាំង មុនពេលខេត្តនេះធ្លាក់ទៅក្នុងកណ្តាប់ដៃយួន។ គាត់់បានចូលបម្រើទ័ពតាំងតែពីគាត់មានអាយុ២០ឆ្នាំមកម៉េ្លះ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីខ្មែរម្នាក់ឈ្មោះ ភឿន នៅភូមិចាប់ ភ្លើង ខេត្តព្រះត្រពាំង។ លោកឧកញ៉ា មានសហការីជំនិតៗប្រាំរូបគឺ លោក ទេសាសោម លោកហ្មឺនឯក លោកតាម៉ង់ លោកមនោរស់ និងលោកភូឈួយគង់។
ក្នុងចំណោមសហការីទាំង ៥រូប របស់ ឧកញ៉ា មានសហការីម្នាក់បានក្បត់នឹងឧត្តមគតិខ្លួន ដោយបានលួចផ្តល់កិច្ចការសម្ងាត់ក្នុងចលនាតស៊ូទៅឲ្យខ្មាំង។ ហើយមានសហការីផ្សេងទៀត មានការរកាំចិត្តនឹងគ្នា ជាហេតុបណ្តាល់ឲ្យចលនាតស៊ូ របស់ឧកញ៉ា ត្រូវជួបប្រទះនឹងផលវិបាកនាពេលអនាគត។
ដោយឃើញថា នៅមានខេត្តខ្លះ នៅកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរ នៅឡើយ ព្រះចៅយួនក្រុងហ្វេបានបញ្ជារឲ្យមេទ័ពយួន ម្នាក់ឈ្មោះ អុងឡូវ នាំទ័ពពីរកងវរ សេនាតូច មកឡោមព័ទ្ធនិងវាយលុកទីរួមខេត្តព្រះត្រពាំង។ ទ័ពយួនអុងឡូវបានចេញដំណើរពីព្រៃនគរ សំដៅទៅខេត្តព្រះត្រពាំង ក្នុងគោលបំណងវាយកំទេចជំរំទ័ពដ៏ល្បីរបស់លោកឧកញ៉ា សឺន គុយ។
ក្រោយពីបានទទួលដំណឹងថា យួននឹងវាយប្រហារទីរួមខេត្តព្រះត្រពាំង ក្នុងពេលដ៏ខ្លីខាងមុខនេះ លោកឧកញ៉ាបានបញ្ជារឲ្យសហការីរបស់ លោក រៀបចំទ័ពដើម្បីត្រៀមប្រយុទ្ធការពារខេត្ត។ មិនយូរប៉ុន្មាន អុងឡុវបាននាំទ័ពមកដល់ខេត្ត ព្រះត្រពាំង ហើយចាប់ផ្តើមពង្រាយទ័ពដើម្បីវាយលុកចូលទីរួមខេត្ត។
ការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ ហុតឈាមបានប្រព្រឹត្តទៅរវាងទ័ពយួននឹងទ័ពរបស់ ឧកញ៉ា។ អុងឡូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទ័ពរបស់គេជួបប្រទះនឹងការទប់ទល់ខ្លាំងខ្លាពីសំណាក់ទ័ពរបស់ឧកញ៉ា។ ការប្រយុទ្ធគ្នាបានប្រព្រឹត្តទៅអស់រយៈពេល៧យប់៧ថ្ងៃ។ ទីបំផុតអុងឡូវត្រូវបង្ខំ ចិត្តដកទ័ពរបស់ខ្លួនថយ ទៅពួនក្នុងព្រៃជ្រៅ រងចាំជំនួយពីក្រុងហ្វេ។
ក្រោយមកមិនយូរប៉ុន្មាន អុង ឡូវ ក៏បានទទួលជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងកងទ័ពទាំងសម្ភារៈសឹកពីក្រុងហ្វេ ហើយលើកមកវាយសម្រុក ចូលទីរួមខេត្តព្រះត្រពាំងម្តងទៀត។ ចំណែកឯទ័ព ឧកញ៉ាវិញ គ្មានបានទទួលជំនួយអ្វីពីព្រះចៅ ក្រុងកម្ពុជាឡើយ។ លើកនេះទ័ពលោកឧកញ៉ា ពិតជាពីបាកទប់ទល់ណាស់ ព្រោះទ័ពយួនមានច្រើន។ នៅចំពោះមុខសភាពការណ៍ដ៏ធ្ងន់ធ្ងរនេះ លោកឧកញ៉ាបានបញ្ជារាឲ្យដកទ័ពចេញពីទីរួមខេត្ត ហើយទៅបង្កើតទីតាំងទ័ពនៅជនបទវិញ។
ចំណែកឯអុង ឡូវវិញ ក្រោយពីទ័ពរបស់ខ្លួនបានទទួលជោគជ័យ លើទ័ពរបស់ឧកញ៉ានៅសមរភូមិទីរួមខេត្តព្រះត្រពាំងហើយ ក៏ បានរៀបចំធ្វើពិធីជប់លៀងយ៉ាងគគ្រឹកគគ្រេង។ មិនតែប៉ុណ្ណោះ បានបញ្ជារឲ្យទ័ពរបស់ខ្លួន ដើរឆក់ប្លន់ទ្រព្យសម្បត្តិ នឹងចាប់កូន ក្រមុំខ្មែរ សម្រាប់ការសប្បាយក្នុងពិធីជប់លៀងរបស់គេទៀតផង។
លោកឧកញ៉ាបានចេញចាកពីទីរួម ខេត្តត្រពាំងទាំងសេចក្តីក្រៀមក្រំ ហើយបានបង្កើតជំរំហ្វឹកហ្វឺនទ័ពសម្ងាត់មួយនៅជនបទ។ មិនយូរប៉ុន្មាន អុង ឡូវបានដឹងថាលោកឧកញ៉ាបានបង្កើតជំរំទ័ពសម្ងាត់ ក៏បញ្ជារឲ្យមេទ័ពយួនម្នាក់ ដែលនៅក្រោមបញ្ជាររបស់ខ្លួនឈ្មោះ អុង បូ ឲ្យដឹកទ័ពទៅវាយកំទេចកងទ័ពរបស់ឧកញ៉ា ដែល នៅសេសសល់នៅជំរំសម្ងាត់។
ដោយគ្មានពេលគ្រប់គ្រាន់ដើម្បី ប្រមូលនិងហ្វឹកហ្វឺនទ័ព លោកឧកញ៉ាគ្មានកម្លាំង គ្រប់គ្រាន់អាច់ទប់នឹងកម្លាំងរបស់ អុង បូ បានឡើយ។ ទីបំផុតត្រូវបោះបង់ចោលជំរំនោះទៀត។ ក្រោយពីបានវាយកំទេចជំរំទ័ពរបស់ ឧកញ៉ាហើយ អុង បូ បាននាំទ័ពទៅបោះទីតាំងនៅវត្តផ្នោដូង។ ចំណែកឯលោកឧកញ៉ា ក៏បាននាំទ័ពទៅស្នាក់នៅជាបណ្ដោះអាសន្ន នៅវត្តចេតិយ នាភូមិចាប់ភ្លើង ដែលជាស្រុក កំណើតរបស់ភរិយាគាត់។ ហើយបន្តកេណ្ឌប្រមូលទ័ព ដើម្បីតស៊ូតទៅទៀត។
បើយើងក្រឡេកទៅមើលវត្តផ្នោដូងវិញ យើងឃើញទ័ពយួនដែលបោះទីតាំងនៅទីនោះ បានធ្វើការឆក់ប្លន់ និងកាប់សម្លាប់រាស្ត្រខ្មែរឥតត្រាប្រណីឡើយ។ មិនតែប៉ុណ្ណោះពួកគេបានធ្វើការបំផ្លិចបំផ្លាញដោយវាយបំបាក់ព្រះពុទ្ធ បដិមាករ គាស់រំលើងកុដិសាលា ដុតបំផ្លាញគម្ពីដីកា ព្រមទាំងយកព្រះវិហារ ដែលជាទីសក្ការៈរបស់ខ្មែរមកធ្វើជាកន្លែងស៊ីផឹក នឹងរំលោភនារីខ្មែរដែលពួកវាចាប់មកយ៉ាងព្រៃផ្សៃបំផុត។
ថ្ងៃមួយលោកឧកញ៉ាបានទទួល ដំណឹងពីចារបុរសរបស់គាត់ថាទ័ពយួន អុង បូ ដែលបោះនៅវត្តផ្នោដូង មានការធ្វេសប្រហែស ដោយយល់ថាទ័ពរបស់លោកឧកញ៉ា គ្មានលទ្ធភាពនឹងវាយប្រហារមកលើខ្លួនឡើយ ដោយមួយថ្ងៃៗ ពួកគេជាប់រវល់នឹងការស៊ីផឹក និងឆក់ប្លន់ប្រជារាស្ត្រ។ ឆ្លៀតឱកាសដ៏ប្រពៃនេះ លោកឧកញ៉ាបានបញ្ជាឲ្យលើកទ័ពទៅវាយទ័ពយួននៅវត្តផ្នោដូងជាបន្ទាន់។ ដោយការធ្វេសប្រហែស មិនបានត្រៀមប្រយុទ្ធជាមុនទ័ពយួននៅទីនោះរត់ឆ្លេឆ្លាបាត់សា្មរតីប្រយុទ្ធ។ ទីបំផុតត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ឯមេទ័ពយួន អុង បូ ក៏បាត់បង់ជីវិតក្នុងទីលានប្រយុទ្ធដែរ។
ដំណឹងពីការបាត់បង់មេដ៏ចំណាន អុង បូ និងការបរាជ័យនៅសមរភូមិផ្នោដូង បានធ្វើឲ្យចៅហ្វាយយួន អុង ឡុវ មានការឈឺចាប់ និងមានការអាម៉ាសយ៉ាងខ្លាំង។ ការបរាជ័យនេះ ញ៉ាំងឲ្យ អុង ឡូវ ត្រូវតែរិះរកយុទ្ធវីធីថ្មី។ យុទ្ធវីធីថ្មីនោះគឺការស៊ីរូង និងបំបែកបំបាក់ផ្ទៃ់ក្នុងឲ្យចុះទន់ខ្សោយ។
អុង ឡូវ បានបញ្ជាឲ្យកេណ្ឌខ្មែរ ចូលបម្រើក្នុងជួរទ័ពយួន ហើយពេលយប់បញ្ជាឲ្យពួកនេះដើរឆក់ប្លន់ប្រជារាស្ត្រខ្មែរ។ លុះ ព្រឹកឡើងពួកវាប្រកាសថាទាហានរបស់ឧកញ៉ាជាអ្នកប្រព្រឹត្ត។ ល្បិចកលដ៏ថោកទាបនេះបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនភាន់ច្រឡំថា អ្នកដែលប្រព្រិត្តអំពើឆក់ប្លន់នោះ គឺពិតជាក្រុមរបស់លោកឧកញ៉ាមែន។
នៅលើទីលានសមរភូមិ យួនបានឲ្យរនុកក្នុងរបស់វាលួចសម្លាប់ទាហានខ្មែរដោយស្ងាត់ៗ និងញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុង។ ថ្ងៃមួយទាហានម្នាក់ បានជួបប្រទះសាកសពរបស់លោកតាម៉ង់ ដែលជាមេទ័ពដ៏ខ្លាំងម្នាក់ ដេកស្លាប់ចម្ងាយ ៣០០មែត្រ ពីវត្តផ្នោដូងយ៉ាងអាថ៌កំបាំង។ ចំណែកឯលោកហ្មឺន ឯក បានគេចខ្លួនបាត់ ដោយគ្មានអ្នកណាមួយដឹងថាគាត់ទៅណា គ្រាន់បានឃើញសារមួយដែលគាត់ទុកឲ្យ ដែលចារថាគាត់នឹងទៅធ្វើការតស៊ូតែម្នាក់ឯង។
មិនតែប៉ុណ្ណោះ លោកទេសា សោម ត្រូវយួនចាប់បាននៅសមរភូមិ ហើយយកទៅធ្វើទារុណកម្ម រហូតដល់បាត់បង់ជីវិត។ ព្រឹត្តិការណ៍ទាំងឡាយខាងលើនេះ បានធ្វើឲ្យលោកឧកញ៉ាមានការសោកស្តាយជាទីបំផុត។ ផ្ទុយទៅវិញភូឈួយគង់បែរជាញញឹមបិទមាត់មិនជិត ព្រោះគោលបំណងរបស់គេជិតបានសម្រេចហើយ។
ការបាត់បង់នូវមេទ័ពដ៏ចំណាន់ៗទាំងបីរូប បានធ្វើកងទ័ពក្នុងចលនាតស៊ូ បាត់បង់ស្មារតីប្រយុទ្ធ ព្រមទាំងមានភាពអនាធិបតេយ្យទៀតផង។ អុងឡូវ បានដឹងច្បាស់ពីការរង្គោះរង្គើនៃចលនា ក៏មិនបណ្តោលឲ្យឱកាសដ៏ល្អនេះកន្លងទៅបានឡើយ ដោយបានបញ្ជាឲ្យទ័ពរបស់វាយប្រហារទីតាំងទ័ពខ្មែរនៅផ្នោដូងជាបន្ទាន់។ ថ្វីត្បិតតែយួនទទួលបានជោគជ័យនៅលើ សមរភូមិប្រយុទ្ធក៏ដោយ តែគេមិនអាច់ចាប់ខ្លួនឧកញ៉ាបានឡើយ។ ចលនាតស៊ូរបស់ឧកញ៉ា នៅតែបន្តការវាយប្រលើទ័ពយួន តាមរបៀបសង្គ្រាមទ័ពព្រៃ ឬសង្គ្រាមឈ្លប់។
ការធ្វើសង្គ្រាមឈ្លប់ បានធ្វើឲ្យយួនស៊ីមិនឆ្ងាញ់ ដេកមិនលក់ ជាហេតុធ្វើឲ្យ អុង ឡូវ មានការម៉ួរម៉ៅកាន់តែខ្លាំង។ អុង ឡូវបានបញ្ជាឲ្យទ័ពរបស់ខ្លួនតាមប្រមាញ់លោកឧកញ៉ា គ្រប់ទិសទី។ ទោះជាធ្វើយ៉ាងណាក៏ដោយ ក៏យួននៅតែមិនអាច់រំលាយចលនាតស៊ូនេះដែរ។ សង្គ្រាមឈ្លប់របស់ឧកញ៉ា បានធ្វើទាហានយួនងាប់ជារៀងរាល់ថ្ងៃ។
ពេលនេះមេទ័ព អស់មធ្យោបាយក្នុងការពន្លត់ចលនាតស៊ូ និងតាមចាប់ខ្លួនឧកញ៉ាដោយកម្លាំងទ័ព ដែលជាហេតុបណ្តាល ឲ្យយួនត្រូវតែបង្ហាញពីសារជាតិពិតរបស់គេ គឺសារជាតិកាចសាហាវ សារជាតិក្រឡិចក្រឡុច និងសារជាតិបោកប្រាស។ អុង ឡូវ បានបញ្ជារទាហានរបស់ខ្លួន ដើរឆក់ប្លន់ និងកាប់សម្លាប់ខ្មែរដោយឥតរើសមុខ។ ជាមួយគ្នានេះ យួនបានធ្វើសេចក្តីប្រកាសគ្រប់កន្លែង ថាគេនឹងបន្តការកាប់សម្លាប់រាស្ត្រខ្មែរឥតរើសមុខតទៅទៀត ដរាបណាឧកញ៉ាមិនព្រមប្រគល់ខ្លួនឲ្យយួនទេ។
ដោយគ្មានលទ្ធភាពក្នុងការពារប្រជារាស្ត្រខ្មែរឲ្យផុតពីការកាប់សម្លាប់របស់យួនបាន លោកឧកញ៉ាក៏សម្រេចចិត្តរបាះ បង់ចោលការតស៊ូ ព្រមប្រគល់ខ្លួនឲ្យយួនចាប់ ដើម្បីជាថ្នូរឲ្យយួនឈប់កាប់សម្លាប់ពលរដ្ឋស្លូតត្រង់ខ្មែរតទៅទៀត។ យួនសប្បាយចិត្តណាស់ ដោយឃើញលោកឧកញ៉ាព្រមចុះចាញ់។ដូច្នេះដែលជាសញ្ញាមួយប្រាប់ថា នយោបាយឈ្លានពានលេបទឹកដីរបស់គេបានឈានដល់គោលដៅហើយ។
ដំបូងឡើយ យួនបម្រុងយកឧកញ៉ានិងទាហានខ្មែរទាំងអស់ទៅសម្លាប់ តែក្រោយមកបែរជាមិនសម្លាប់ ព្រោះគេយល់ឃើញថា លោកឧកញ៉ាមានប្រជាប្រិយភាពណាស់ក្នុងសង្គមខ្មែរ បើសម្លាប់ឧកញ៉ាពេលនេះ ពិតជាមានការបះប្រឆាំងពីសំណាក់ប្រជារាស្ត្រខ្មែរជាមិនខាន។ អាស្រ័យហេតុនេះហើយបាន ជាយួនទុកជីវិតលោកឧកញ៉ា។ មិនតែប៉ុណ្ណោះ អុង ឡូវ បានប្រគល់តំណែងទីប្រឹក្សាដល់ឧក ញ៉ាទៀតផង។
នៅឆ្នាំ ១៨២១ ស្តេចយ៉ា ឡុង បាន អស់រាជ្យ។ ស្តេចថ្មីឈ្មោះ មិញ-ម៉ាង ឡើងជំនួស។ គ្រាន់តែឡើងសោយរាជ្យភ្លាម ស្តេច មិញ-ម៉ាង បានចេញបញ្ជាយ៉ាងដាច់ណាត់ បង្ខំឲ្យប្រជារាស្ត្រខ្មែរកម្ពុជាក្រោមទាំងមូលត្រូវតែវផ្លាស់ប្តូរទំនៀមទម្លាប់ និងច្បាប់សាសនា ដោយគោរពតាមប្រពៃណី និងច្បាប់សាសនារបស់យួនវិញ។
សេចក្តីប្រកាសរបស់ មិញ-ម៉ាង មានដូច តទៅ៖
១. លោកសង្ឃខ្មែរ ត្រូវគោរពប្រតិបត្តិដូចលោកសង្ឃយួនដោយត្រូវ៖
– កោរសក់ទុកចិញ្ចើម
– ឆាន់ចង្ហាន់ពេលល្ងាច និងឆាន់អាហារសាប
– ស្លៀកខោជើងពីរ ពាក់អាវ កត្រង់ ពត៌ ឈាមជ្រូក
– ពេលសូត្រធម៌ ត្រូវគោះត្រដោក
២. រាស្ត្រខ្មែរប្រុសស្រី ត្រូវគោរពតាមប្រពៃណីយួនដោយត្រូវ៖
– ទុកសក់វែង ហើយបួង
– យកនាមត្រកូលយួន និងដាក់ឈ្មោះជាយួន
– បោះបង់អក្សរខ្មែរ រៀនអក្សរយួន និងនិយាយភាសាយួនគ្រប់ទីកន្លែង
– ប្រើសម្លៀកបំពាក់ដូចយួន
នៅក្នុងសេចក្តីប្រកាសនោះបានចែងថា បើជនណាមិនគោរពតាមបញ្ជារនេះ នឹងត្រូវកាត់ទោសប្រហារជីវិត។ ក្រោយពីឃើញសេចក្តីប្រកាសនេះកាលណាមកប្រជារាស្ត្រខ្មែរ មានការក្តៅក្រហាយជាពន់ពេក តែមិនហ៊ានប្រឆាំង ព្រោះបញ្ជានេះដាច់ណាស់ពេក។ ដោយយល់ថា មានតែលោកឧកញ៉ាទេ ដែលជាពឹងព្រះសង្ឃ និងប្រជារាស្ត្រខ្មែរជាច្រើន បានធ្វើញត្តិជូនឧកញ៉ា សូមជួយធ្វើអន្តរាគមន៍។ លោកឧកញ៉ាបានយកសំណើរនេះ ជូន អុង ឡូវ សូមកុំអនុវត្តតាមបទបញ្ជារនេះ ជាច្រើន លើកច្រើនសា។ តែរាល់ពេលដែលឧកញ៉ា លើកយកបញ្ហានេះមកពីភាក្សា អុង ឡូវ តែងតែតប់ថា នេះជាបញ្ជា របស់ព្រះអធិរាជក្រុងហ្វេ គ្មានអ្នកម្នាក់អាច់ជំទាស់បានឡើយ។ បើសិនជាអ្នកណាមួយហា៊នតវ៉ានឹងបញ្ជានេះ ទាល់តែហានស្លាប់សិន។
ដោយអស់មធ្យោបាយក្នុងការអង្វរក អុង ឡូវ កុំឲ្យអនុវត្តន៍តាមបទបញ្ជានេះ លោក ឧកញ៉ាបាននិយាយទៅកាន់ អុង ឡូវ ថា "សូមលោកមេត្តាផ្ញើសារមួយជូនព្រះចៅក្រុងហ្វេឲ្យទ្រង់បានជ្រាប់ថា ខ្ញុំឧកញ៉ា សឺន គុយ អតីតអភិបាលខេត្តព្រះត្រពាំងបច្ចុប្បន្នទីប្រឹក្សារបស់លោក សូមយកជីវិតមកប្តូរ បើសិនជាព្រះអធិរាជព្រមលុបចោលបទបញ្ជានេះ"។ អុង ឡូវ យល់ព្រម ហើយបានផ្ញើសារជូនព្រះចៅក្រុងហ្វេ។
ក្រោយមក អុង ឡូវ បានប្រាប់ទៅ លោកឧកញ៉ាថា ព្រះចៅក្រុងហ្វេបានយល់ទៅនឹងសំណើររបស់ឧកញ៉ាហើយ ដូច្នេះតាមលក្ខន្តិកៈគេគ្មានជម្រើសអ្វីផ្សេងក្រៅពីយកឧកញ៉ាទៅប្រហារជីវិតឡើយ។ លោកឧកញ៉ាបានតប់ទៅវិញថា លោកមានសេច ក្តីរីករាយណាស់ ដោយសំណើររបស់លោកត្រូវបានមព្រះអធិរាជក្រុង សព្វព្រះរាជហឫទ័យ។ ដូច្នេះលោកគ្មានការរារែក ក្នុងការប្រគល់ខ្លួនឲ្យ អុង ឡូវ យកទៅប្រហារជីវិតឡើយ។
ប្រជារាស្ត្រខ្មែរមានសេចក្តីរីករាយណាស់ ក្រោយពីបានដំណឹងថា ព្រះចៅក្រុងហ្វេបានសព្វព្រះរាជហឫទ័យ ទុកឲ្យប្រជារាស្ត្រខ្មែរគោពតាមទំនៀមទម្លាប់ និងព្រះពុទ្ធសាសនាខ្មែរ។ តែក្នុងពេលជាមួយគ្នានេះដែរ ខ្មែរគ្រប់រូបក៏មានមានការសោកស្តាយយ៉ាងខ្លាំង ដោយគេត្រូវបាត់បង់នូវកុលបុត្រដ៏ឆ្នើមម្នាក់ ដែលក្នុងមួយជីវិតរបស់លោក លោកតែងតែធ្វើអ្វីៗទាំងអស់ រហូតដល់ហ៊ានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងសាសនា។
យួនបានយកលោកឧកញ៉ាទៅប្រហារជីវិត នៅមុខសាលាឃុំ បិន-ឌឹក ត្រង់កន្លែងដែលមានដើមម្នាស់ កាលដាំទន្ទឹមគ្នាពីរដើមនៅជិតផ្លូវជាតិ។ សាកសពរបស់គាត់ ត្រូវបានព្រះសង្ឃនិងប្រជារាស្ត្រខ្មែរ យកទៅធ្វើបុណ្យហើយបញ្ចុះ នៅក្នុងព្រះចេតិយវត្តពោធិសាលរាជ ទីរួមខេត្តព្រះត្រពាំង ហើយខឿនចេតិយនោះនោះ នៅសល់រហូតដល់បច្ចុប្បន្ននេះ។ ចំណែកឯភូឈួយគង់ ដែលជារនុកក្នុងរបស់យួននោះ ក៏ត្រូវយួនយកទៅប្រហារជីវិតដែរ។
លោកឧកញ៉ា សឺន គុយ ជាកុលបុត្រដ៏ឆ្នើមម្នាក់របស់ខ្មែរកម្ពុជាក្រោម។ គាត់បានធ្វើអ្វីៗ ទាំងអស់រហូតដល់ហ៊ានពលីកម្ម ជីវិត ដើម្បីភាពគង់វង្សនៃជាតិខ្មែរ និងសាសនា។ លោកបានបន្សល់ទុកនូវគំរូវិរភាពមួយដ៏ត្រចះត្រចង់ សម្រាប់ឲ្យកុលបុត្រកុលធីតាខ្មែរកម្ពុជា ក្រោមគ្រប់រូបគោរពស្ញប់ស្ញែងនិងយកតម្រាប់តាម។
ថ្វីត្បិតតែលោកឧកញ៉ា ត្រូវយួនឈ្លានពានផ្តាច់ផ្តិលជីវិតឲ្យលាចាកលោកនេះ អស់រយៈពេលជិតពីរសតវត្សរ៍ហើយក៏ដោយ ក៏កិត្តិនាមរបស់លោកនៅតែល្បីរន្ទឺក្រអូបសុះសាយក្នុងសង្គមខ្មែរកម្ពុជាក្រោមយើងដដែល។ យើងទាំងគ្នាជាបច្ឆាជនដែល មានវាសនា បានស្គាល់នូវវប្បធម៌ អក្សរសាស្ត្រ ភាសា និងសាសនារបស់ខ្មែរនាពេលនេះ ក៏ដោយសារការបូជាសាច់ស្រស់ឈាមស្រស់របស់ឧកញ៉ា និងវិរកុលបុត្រខ្មែរកម្ពុជាក្រោមដទៃទៀត ក្នុងចលនាតស៊ូរបស់លោកក្នុងអតីតកាលដែរ។
យើងខ្ញុំទាំងអស់គ្នាសូមកត់ ត្រាទុកនូវគុណូបការៈដ៏ធំធេងនេះ ក្នុងក្រអៅបេះដូងរបស់យើងខ្ញុំជារៀងរហូត ហើយប្តេជ្ញាថា នឹងយកតាមគំរូវិរភាពរបស់លោកឧកញ៉ា ដើម្បីថែររក្សារកេរ្តិ៍មត៌កដែលលោកបានបន្សល់ទុកឲ្យបានគង់វង្សជានិរន្តរ៍តរៀងទៅ៕
Comments
Post a Comment