ខំធ្វើដំណើរពីឆ្ងាយទៅកែសម្ផស្ស ស្រាប់តែមុខមាត់ស្អាតប្លែកខុសពីក្នុង ID ត្រូវខាងព្រលានបដិសេធ មិនឲ្យឡើងជិះយន្តហោះត្រលប់ទៅផ្ទះវិញ ចុងក្រោយបែរជា....
នារីវ័យក្មេងជនជាតិចិនម្នាក់ បានខកខានជើងហោះហើររបស់ខ្លួន ដោយសារតែ ត្រូវបានខាងព្រលានបដិសេធ មិនព្រមអនុញ្ញាតឲ្យនាងឡើងយន្តហោះចេញដំណើរ ក្រោយវះកាត់កែសម្ផស្ស មានមុខមាត់ស្រស់ស្អាតប្លែក ខុសគ្នាដាច់ពីក្នុងរូបថត។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី១៤ មករា ឆ្នាំ២០១៨កន្លងទៅនេះ ស្ថិតនៅអាកាសយានដ្ឋាន Chengdu Shuangliu International Airport ក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។
នារីខាងលើនេះ ត្រូវបានគេស្គាល់ថាឈ្មោះថា Zhang មានអាយុ២៨ឆ្នាំ។ នៅថ្ងៃកើតហេតុ នារីរងគ្រោះ
Zhang
ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋានខាងលើ ដើម្បីជិះយន្តហោះត្រលប់ទៅផ្ទះរបស់នាងវិញ នៅទីក្រុងសៀងហៃ។
ប៉ុន្តែជាអកុសល នាងត្រូវបានខាងមន្រ្តីសន្តិសុខផ្នែកត្រួតពិនិត្យ ធ្វើការហាមខាតមិនអនុញ្ញាតឲ្យនាងចេញដំណើរ ដោយសារតែ មុខមាត់បច្ចុប្បន្នរបស់នាង មានសភាពខុសប្លែកគ្នាខ្លាំងពីក្នុងរូបថត ID Card (អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន) ធ្វើឲ្យម៉ាស៊ីស្កេន មិនស្គាល់ពីភិនភាគមុខរបស់នាង។
នេះក៏ដោយសារតែ Zhang នាងបានធ្វើការវះកាត់កែសម្ផស្ស ទៅលើចំណុចមួយចំនួន លើទម្រង់មុខរបស់នាង ទើបបណ្តាលឲ្យមានភាពស្រស់ស្អាត និងខុសប្លែកពីរូបភាពកាលពីមុន។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ដោយសារតែ ស្ថានការណ៍ហាក់យ៉ាប់យ៉ឺន Zhang នាងបានព្យាយាមពន្យល់ប្រាប់ទៅដល់ ខាងមន្រ្តីសន្តិសុខនៅទីនោះ ថានាងបានវះកាត់កែសម្ផស្ស។
ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ខាងមន្រ្តីសន្តិសុខនៅតែមិនអនុញ្ញាត ឲ្យនាងចេញដំណើរដដែល ហើយថែមទាំងជំរុញនាង ឲ្យទៅស្ថានីយប៉ូលិស ដើម្បីផ្ទៀងផ្ទាត់ ID Card ជាមួយនឹងមុខមាត់របស់នាង ឲ្យបានត្រឹមត្រូវទៀតផង។
Zhang បានចំណាយពេលរយៈពេលជាង ៤ម៉ោង រត់ទៅរត់មក ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់នាង។ ប៉ុន្តែលទ្ធផលនៅតែអវិជ្ជមាន ទីបំផុតខាងអាកាសយានដ្ឋាន ក៏បានវេរប្រាក់ឲ្យនាងវិញចំនួន ១,១៩០យ័ន (ប្រហែលជា ១៨៦ដុល្លារអាមេរិក) ហើយយន្តហោះក៏បានចេញដំណើរ ទាំងគ្មាននាងតែម្តង។
នៅគ្រានោះ Zhang ត្រូវបានគេរាយការណ៍ថា នាងបានខឹងសម្បាយ៉ាងខ្លាំង ហើយថែមទាំងត្អូញត្អែរ និងរិះគន់ដល់រាល់អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបម្រើការនៅទីនោះ។
ចុងក្រោយ Zhang នាងក៏បានសម្រេចចិត្តធ្វើដំណើរត្រលប់ទៅផ្ទះ នៅឯទីក្រុងសៀងហៃ ដោយជិះរថភ្លើងជំនួសតែម្តង ៕
Comments
Post a Comment