
ជាការពិតណាស់ ឆ្កែជាប្រភេទសត្វ ក្នុងចំណោមសត្វជាច្រើនផ្សេងទៀត ដែលមនុស្សទូទៅស្រលាញ់ចូលចិត្ត យកមកចិញ្ចឹមថែទាំ រហូតមានអ្នកខ្លះគេងអោបជាមួយក៏មាន ហើយវាថែមទាំងត្រូវបានគេចាត់ទុកថា ជាសត្វដែលស្រលាញ់ស្ម័គ្រស្មោះចំពោះម្ចាស់ ការពារម្ចាស់ ជាងសត្វណាៗទាំងអស់ បើទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
យ៉ាងណាមិញ បើក្រឡេកមកមើលកូនឆ្កែ ដ៏កំសត់មួយក្បាលនេះវិញ ថ្មីៗនេះកំពុងតែធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន រំជួលចិត្តយ៉ាងខ្លាំង ក្រោយដឹងថា កូនឆ្កែមួយក្បាលនេះ សុខចិត្តដេកយាមផ្នូរម្ចាស់ដែលបានស្លាប់ មិនព្រមចេញទៅណា បើទោះជាម្ចាស់ថ្មីរបស់វា ខំប្រឹងស្រែកហៅឲ្យត្រលប់ទៅផ្ទះវិញក្តី។
កូនឆ្កែដ៏ស្មោះស្ម័គ្រខាងលើនេះ ត្រូវបានម្ចាស់របស់វាដាក់ឈ្មោះឲ្យថា
Deta
។ ម្ចាស់របស់ Deta មិនត្រូវបានគេបង្ហាញអត្តសញ្ញាណ បានស្លាប់កាលពីខែកញ្ញាឆ្នាំមុន នៅអាយុ៨៦ឆ្នាំ។ ក្រោយមក Deta ក៏ត្រូវបានកូនស្រីរបស់ម្ចាស់វា ឈ្មោះថា
Theresa Morini
យកទៅចិញ្ចឹមបន្ត។ ប៉ុន្តែការរស់នៅជាមួយនឹងម្ចាស់ថ្មីរបស់វានេះ ហាក់មិនសូវមានភាពស្និទ្ធស្នាលខ្លាំង ដូចម្ចាស់វាមុនប៉ុន្មាននោះឡើយ។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃបុណ្យណូអែល (Christmas) កន្លងទៅនេះ Theresa បានទៅផ្នូរម្តាយរបស់នាងជាមួយនឹងស្វាមី និងកូនឆ្កែជាទីស្រលាញ់ Deta ស្ថិតក្នុងទីក្រុង Amsterdam រដ្ឋ New York State សហរដ្ឋអាមេរិក ដើម្បីទៅដាក់កម្រងផ្កានៅលើផ្នូរម្តាយនាង។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅពេលទៅដល់ Deta បានដេកយាមនៅក្បែរផ្នូររបស់ម្ចាស់វា ដោយមិនព្រមងើបចេញទៅណាទាល់តែសោះ។ ហើយនៅពេលដែល Theresa ខំស្រែកហៅវាឲ្យឡើងឡានត្រលប់ទៅផ្ទះ Deta បែរជាបង្ហាញសកម្មភាពក្នុងន័យបដិសេធ មិនចង់ត្រលប់ទៅផ្ទះវិញ និងថែមទាំងបានធ្វើជារត់ឆ្លេឆ្លា រួចក៏ទៅដេកនៅក្បែរផ្នូរម្ចាស់វាវិញដដែល។
Theresa បានបង្ហោះវីដេអូឃ្លីបនេះ នៅលើបណ្តាញសង្គម ជាមួយនឹងការសរសេររៀបរាប់ថា Deta គឺជាឆ្កែរបស់ម្តាយនាង ដែលបានចិញ្ចឹមមើលថែទាំវា អស់រយៈពេល៥ឆ្នាំមកហើយ។ ប៉ុន្តែក្រោយពេលដែលម្តាយរបស់នាង បានលាចាកលោកនេះទៅ នាងក៏បានយក Deta មកចិញ្ចឹម។
នៅថ្ងៃកើតហេតុនោះ Deta វាបានដេកយាមផ្នូរម្តាយរបស់នាង បើទោះបីជានាងខំហៅវា ឲ្យត្រលប់ទៅផ្ទះវិញក៏វាមិនព្រមដែរ។ លើសពីនេះ វាថែមទាំងរត់ទៅដេកក្បែរផ្នូរប៉ារបស់នាង ដែលនៅជិតគ្នានឹងផ្នូរម្តាយរបស់នាងថែមទៀត។ Theresa ថា នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលឃើញបែបនេះ។
ដោសារតែបែបនេះហើយ ទើបក្រោយមកប្តីរបស់នាង ក៏បានដើរទៅលើក Deta ចេញពីទីនោះ រួចនាំគ្នាឡើងឡានត្រលប់មកផ្ទះវិញតែម្តង ៕
ទស្សនាវីដេអូខាងក្រោម៖



Comments
Post a Comment