
ជាតារាសម្តែងស្រី និងជាពិធីការិនីមួយរូប ដែលទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងប្រចាំនៅក្នុងប្រទេសថៃ Pat Napapa ក៏ត្រូវបានមនុស្សជាច្រើនអាណិតអាសូរ ព្រមទាំងកោតសរសើរ ចំពោះការតស៊ូក្នុងឆាកជីវិតរបស់នាងខ្លាំងផងដែរ។

Pat Napapa ក៏អាចទុកថាជាតារាស្រីដែលមានជីវិតកម្សត់ ជូរចត់ ជួបប្រទះតែការលំបាកខ្លាំងជាងគេសម្រាប់ជីវិតឯកជន នៅក្នុងចំណោមតារាៗស្រីរួមជំនាន់ផ្សេងទៀត។
ជាក់ស្តែងនាងបានដើរតួនាទីជាច្រើននៅក្នុងជីវិតគឺ៖
ទី១ ជាម្តាយល្អ ចិញ្ចឹមថែទាំកូនប្រុសតែម្នាក់ឯង ព្រោះស្វាមីជាប់គុក។
ទី២ បំពេញនាទីជាកូនស្រីល្អ ទទួលបន្ទុកមើលថែទាំម្តាយមានជំងឺប្រចាំខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទី៣ ដើរតួនាទីជាមេផ្ទះផង ជាមេគ្រួសារផង ដោយជាអ្នករកប្រាក់ចិញ្ចឹមគ្រួសារ និងរ៉ាប់រងការចំណាយចំណូលគ្រប់យ៉ាងនៅក្នុងផ្ទះតែម្នាក់ឯងគត់។
ហើយពេលបំពេញការងារម្តងៗ Pat Napapa តែងយកកូនប្រុសជាប់ទៅតាមខ្លួនជានិច្ច រហូតដល់បច្ចុប្បន្នកូននាងមានអាយុបានជិត ១ ឆ្នាំ មានហ្វេនស្រលាញ់ជាច្រើននាក់។

ហើយថ្មីៗនេះ ថ្លែងនៅក្នុងឱកាសចូលរួមនៅក្នុងកម្មវិធី KuiZapShow របស់ប៉ុស្តិ៍ one31 តារាសម្តែងស្រីរូបនេះ ក៏បានបើកបង្ហាញនូវរឿងក្នុងចិត្ត និងជីវិតពិតទាំងស្រុងគ្មានសល់។
ពិសេសអ្វីដែលធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ និងរំជួលចិត្តស្ទើរតែទប់ទឹកភ្នែកមិនចង់ជាប់នោះគឺ Pat Napapa ថាបន្ទុកគ្រួសារដែលនាងជួបសព្វថ្ងៃនេះគឺជារឿងសំណាងល្អរបស់ខ្លួនទៅវិញ។


បន្ថែមពីលើនេះ នាងបានរៀបរាប់ដូច្នេះថា៖
«វាគឺជាជោគវាសនាមួយ គ្មាននរណាម្នាក់អាចដឹងជាមុនថានឹងមកដល់ចំណុចនេះទេ ប៉ុន្តែ រឿងមកដល់ចំណុចនេះហើយ យើងត្រូវតែរស់នៅជាមួយវា និងនៅយ៉ាងមានក្តីសុខ។ ហើយទោះជាមានសំណាងល្អ ឬអាក្រក់ក៏ដោយ ក៏ខ្ញុំនៅតែរីករាយព្រោះមានកូនប្រុសជាទីស្រលាញ់។
ពេលដែលនៅជាមួយគ្រួសារជាពេលវេលាមួយដែលមានក្តីសុខបំផុត វាធ្វើឱ្យខ្ញុំគ្មានពេលទៅគិតរឿងខូចចិត្ត រឿងសោកសៅនានាឡើយ។ ក្រោកមកក៏ទៅធ្វើការ មកពីធ្វើការក៏ជួបកូន ជួបម្តាយជារៀងរាល់ថ្ងៃ ពួកគេគឺជាកម្លាំងចិត្តដែលធ្វើឱ្យខ្ញុំមានកម្លាំងតស៊ូ មិនដែលគិតថានឹងរាថយម្តងណាឡើយនៅក្នុងជីវិតសព្វថ្ងៃ»
។

«លើសពីនេះទៅទៀត ខ្ញុំមិនគិតថាតួនាទីសព្វថ្ងៃនេះមិនជារឿងដ៏ធ្ងន់នោះទេ ប៉ុន្តែក៏ជាក្តីសុខដែលខ្ញុំមិនអាចបាត់បង់បានទេ ហើយពេញចិត្តនឹងធ្វើវាទាន់ឱកាសនៅមាន និងធ្វើឱ្យបានល្អជាទីបំផុត»
។
«ជាចុងក្រោយខ្ញុំក៏ចង់ផ្តាំទៅអ្នកដែលជួបរឿងដូចខ្ញុំ សូមកុំគិតថាវាជាបន្ទុក ត្រូវគិតថានេះជាក្តីសុខ ហើយប្រសិនបើអ្នកគិតថានេះជាបន្ទុកដ៏ធ្ងន់ធ្ងរ ឬអស់សង្ឃឹមនៅពេលណា ឱ្យទៅមើលជីវិត អ្នកដែលគេលំបាកជាងយើងរាប់រយដង នោះទើបយើងដឹងថាយើងមានក្តីសុខខ្លាំងជាងអ្នកទាំងអស់នោះឆ្ងាយណាស់»
។

គួរឱ្យសរសើរទឹកចិត្ត និងការតស៊ូរបស់តារាសម្តែងស្រី Pat Napapa ណាស់ ដែលជានារីមានភាពតស៊ូនៅក្នុងជីវិតបានយ៉ាងល្អដូច្នេះ។ វាគឺជារឿងកម្រមួយ ដែលនារីទន់ខ្សោយម្នាក់អាចតស៊ូពុះពារនៅក្នុងជីវិតរបស់នាងបានខ្លាំងដល់ថ្នាក់នេះ៕

Comments
Post a Comment