
ចិន៖
កាលពីថ្ងៃទី ២៨ កុម្ភៈ កន្លងទៅនេះ មានហេតុការណ៍ដ៏រន្ធត់ចិត្តមួយបានកើតឡើងនៅក្នុងទីក្រុង Da Hua Yao ខេត្ត Guangxi ភាគនិរតីនៃប្រទេសចិន ដោយមានក្មេងស្រីដ៏គួរឲ្យអាណិតមួយរូប ត្រូវបានឪពុករបស់នាងវាយធ្វើបាបយ៉ាងឃោរឃៅ ហើយថែមទាំងចងពីក្រោយម៉ូតូ អូសតាមផ្លូវថែមទៀតផង។

នៅក្នុងវីដេអូដែលមានរយៈពេល៣នាទី គេឃើញលោក Wei ជាឪពុកបានយកគល់ឈើទៅវាយគូទ ខ្នង និងក្បាល កូនស្រីរបស់ខ្លួនដែលមានអាយុទើបតែ១០ឆ្នាំ ហើយគេក៏បានឮក្មេងស្រីនោះ ស្រែកយំ ដោយក្តីឈឺចាប់។
បន្ទាប់មក ឪពុកព្រៃផ្សៃ ក៏បានចងជើងកូនស្រីរបស់ខ្លួនជាមួយម៉ូតូ រួចក៏បានជិះអូសនាងទៅលើផ្លូវដែលក្រាលដោយដុំគ្រួស។

គួរបញ្ជាក់ថា មន្ត្រីប៉ូលិសក្រុង Da Hua បានបើកការស៊ើបអង្កេតភ្លាមៗបន្ទាប់ពីទទួលបានវីដេអូនេះ នៅវេលាម៉ោងប្រមាណ ០៣:៥០ នាទីរសៀលថ្ងៃកើតហេតុ។ យោងទៅតាមកំណត់ត្រារបស់ប៉ូលិសបានបង្ហាញថា ប៉ូលិសបានរកឃើញលោក Wei និងកូនស្រី នៅផ្សារមួយបន្ទាប់ពីបានទទួលវីដេអូត្រឹម២០នាទីប៉ុណ្ណោះ។
បន្ទាប់ពីបានរកឃើញជនដៃដល់ និងក្មេងស្រីរងគ្រោះរួច គេក៏បានប្រទះឃើញ ក្មេងស្រីនោះ ពោរពេញទៅដោយស្នាមជាំ និងឆ្កូតជាច្រើនកន្លែង ជាពិសេសនៅលើស្មា និងខ្នង ហើយក៏ត្រូវបានគេបញ្ជូនទៅស្កេនខួរក្បាល និងព្យាបាលផ្លូវចិត្តផងដែរ។

ចំនែកឯឪពុកវ័យ ៣៨ឆ្នាំនោះវិញ ត្រូវបានប៉ូលិសខេត្ត Guangxi ឃាត់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធនឹងការរំលោភបំពានលើកុមារ។
យោងទៅតាមសារព័ត៌មាន Beijing News បានឲ្យដឹងថា ឪពុកឃោរឃៅរូបនេះបានសារភាពថា គេបានទៅផ្ទះសាច់ញាតិរបស់គេ ដើម្បីនាំកូនស្រីទៅសាលា ប៉ុន្តែដោយសារតែនាងចចេសរឹងរូសមិនព្រមទៅរៀន ទើបចុងក្រោយក៏បានវាយនាងបែបនេះតែម្តង៕
Comments
Post a Comment