ប្ដីជាប់គុក១៥ឆ្នាំប៉ុន្ដែប្រពន្ធមិនមកសួរសុខទុក្ខម្ដងណាឡើយដល់ថ្ងៃចេញពីគុកវិញដើរទៅដល់ផ្ទះស្រាប់តែជួបរឿងនឹកស្មានមិនដល់







មនុស្សម្នាក់ៗកើតមកតែងតែមានកំហុសជៀសមិនផុតឡើយ ដូចស្វាមីនិងភរិយាមួយគូនេះជាដើម ស្វាមីជាប់គុក១៥ឆ្នាំ ភរិយារបស់គាត់មិនដែលមកសួរសុខទុក្ខម្ដងណាឡើយ ទីបំផុតពេលចេញពីគុកវិញ គាត់បានជ្រាបពីរឿងរ៉ាវទាំងអស់…។

លោក ម៉ា ត្រូវជាប់ពន្ធធនាគារចំនួន១៥ឆ្នាំ ពីបទសម្លាប់មនុស្ស គ្រប់ពេលវេលានៅក្នុងគុកគ្មាននរណាមកសួរសុខទុក្ខម្ដងណាឡើយ សូម្បីតែភរិយារបស់ខ្លួនដែលទើបនឹងរៀបការថ្មីក៏មិនឃើញមកឲ្យឃើញមុខឡើយ ទើបដឹងខ្លួនថា គាត់ត្រូវគេបោះបង់ចោលហើយ លុះរហូតមកដល់ថ្ងៃកំណត់ចេញពីគុកវិញក៏មិនឃើញមានអ្នកណាមកទទួលឡើយ គាត់បានសម្រេចចិត្តដើរទៅកន្លែងដែលខ្លួនធ្លាប់រស់នៅក្នុងអតីត ប៉ុន្ដែអ្នកភូមិនៅម្ដុំនោះបានប្រាប់ថា ផ្ទះនេះលក់បាត់ហើយកាលពី១៥ឆ្នាំមុន ក្នុងពេលនេះគាត់មិនដឹងថានឹងទៅទាក់ទងឪពុកម្ដាយរបស់គាត់តាមណាឡើយ។

គាត់បានទៅរកមិត្តភក្តិស្និទ្ធស្នាលដើម្បីខ្ចីលុយ ប៉ុន្ដែមិត្តភក្ដិដែលគាត់ធ្លាប់ស្គាល់បានផ្លាស់ទីលំនៅ ខ្លះទៀតបានដូរលេខទូរស័ព្ទ គាត់បានដើររកការងារធ្វើដើម្បីយកលុយត្រឡប់ទៅស្រុកកំណើត ប៉ុន្ដែគ្មានអ្នកណាហ៊ានជួលគាត់ឡើយព្រោះគាត់ធ្លាប់ជាប់គុកពីមុន គាត់បានសម្រេចចិត្តទៅធ្វើការសំណង់អស់រយៈពេល១ខែទើបមានលុយទិញសំបុត្រធ្វើដំណើរត្រឡប់ទៅផ្ទះស្រុកកំណើត។ពេលគាត់មកដល់ស្រុកកំណើត ធ្វើឲ្យគាត់មានអារម្មណ៍ខ្លាចនិយាយអ្វីក៏មិនត្រូវ ក្រោយពីធ្វើចិត្តមួយស្របក់ ទើបគាត់ហ៊ានដើរចូលផ្ទះ ពេលមកដល់ផ្ទះគាត់បានឃើញក្មេងប្រុសម្នាក់ គាត់បានសួរទៅក្មេងប្រុសថានេះជាផ្ទះរបស់ត្រកូល ម៉ា មែនទេ?

ក្មេងប្រុសឱនមុខចុះរួចឆ្លើយទាំងអាការភ័យញ័រខ្លួន ក្រោយមកទ្វារផ្ទះបានបើក គាត់បានឃើញស្ត្រីម្នាក់អាយុប្រហែលជាង៤០ឆ្នាំបានបក់ដៃហៅក្មេងប្រុសនោះ។ស្ត្រីម្នាក់នោះបានដង្ហោយហៅក្មេងថា "ប្រញាប់ចូលផ្ទះឲ្យលឿនឡើងកូន ម៉ែធ្លាប់ប្រាប់ហើយថាកុំនិយាយជាមួយមនុស្សប្លែកមុខ" គាត់នៅចាំសម្លេងរបស់នាង គឺជាសម្លេងភរិយារបស់គាត់ នាងឈ្មោះ "សៀវ" ប៉ុន្ដែមើលទៅឥឡូវ នាងចាស់ណាស់មិនស្អាតដូចពីមុនឡើយ គាត់បានស្រែកហៅឈ្មោះនាង នាងបានឮក៏ប្រញាប់ចាប់ដៃកូនប្រុសហើយយំ ក្មេងម្នាក់នោះបានសម្លឹងមុខគាត់យ៉ាងចម្លែក បន្ទាប់មកទើបគាត់ដឹងថាក្មេងប្រុសម្នាក់នោះគឺជាកូនរបស់គាត់ ហើយម្ដាយបង្កើតរបស់គាត់ក្លាយជាមនុស្សខ្វិន ចំណែកឪពុកបានស្លាប់បាត់បង់ជីវិតក្រោយពេលដែលគាត់ជាប់គុកបានប៉ុន្មានថ្ងៃ ធ្វើឲ្យភរិយាត្រូវនៅមើលថែម្ដាយរបស់គាត់ នៅពេលដែលម្ដាយបានឮដំណឹងថាកូនប្រុសជាឃាតករសម្លាប់មនុស្សគាត់ក៏ខ្យល់ចាប់បាត់បង់ស្មារតីហើយធ្លាក់ខ្លួនឈឺ ភរិយារបស់គាត់មិនដែលបោះបង់គាត់ចោលទេ នាងនៅមើលថែម្ដាយ ហើយនៅពេលនោះនាងមានផ្ទៃពោះទៀតផង។




ក្រោយពេលដែលគាត់ជាប់គុក ភរិយារបស់គាត់ទើបតែដឹងថាខ្លួនមានផ្ទៃពោះ កន្លងផុតទៅមិនបានប៉ុន្មានផងឪពុករបស់គាត់ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍បាត់បងជីវិត ចំណែកម្ដាយរបស់គាត់ត្រូវចូលមន្ទីពេទ្យ ធ្វើឲ្យនាងគ្មានពេលវេលាដើម្បីទៅសួរសុខទុក្ខនៅពន្ធនាគារឡើយ ណាមួយនៅមានរឿងជាច្រើនទៀតនៅក្នុងផ្ទះ ទើបធ្វើឲ្យនាងរកដកខ្លួនទៅមិនបាន ពេលនោះនាងគ្មានលុយសម្រាប់ព្យាបាលទើបសម្រេចចិត្តនាំម្ដាយក្មេកទៅនៅស្រុកកំណើត ក្រោយពីសម្រាលកូននាងត្រូវមើលថែទាំងម្ដាយក្មេកទាំងកូនរបស់ខ្លួន នាងប្រាប់ថាហត់នឿយនិងអស់សង្ឃឹមក្នុងជីវិតជាច្រើនដង ប៉ុន្ដែនាងបានប្រាប់ថាកូនប្រុសញ៉ាំគេងមិនពិបាកអ្វីឡើយ ធ្វើឲ្យនាងមានកម្លាំងចិត្តតទៅទៀត។នាងសប្បាយចិត្តណាស់ដែលស្វាមីចេញពីគុកវិញ ប៉ុន្ដែក៏មានអាម្មណ៍ខូចចិត្តដែលមិនបានទៅសួរសុខទុក្ខគាត់ ប៉ុន្ដែគាត់បានអភ័យឲ្យនាង ហើយសប្បាយចិត្តណាស់ដែលបានឃើញមុខកូនប្រុសនិងភរិយា គាត់ថ្លែងអំណរគុណដល់ភរិយាដែលបានលះបង់ពេលវេលាកន្លងមក។ពេលនេះកូនប្រុសរបស់គាត់នៅមិនទាន់ហ៊ានហៅគាត់ថាពុកនៅឡើយទេ កូនប្រុសរបស់គាត់មើលទៅដូចជាធំហួសវ័យ ថ្ងៃនោះលោក ម៉ា បានសម្រេចចិត្តថានឹងមិនធ្វើឲ្យភរិយាលំបាកទៀតឡើយ។



នៅថ្ងៃបន្ទាប់ លោក ម៉ា បានធ្វើការគ្រប់យ៉ាងនៅក្នុងផ្ទះ ព្រមទាំងធ្វើម្ហូបទៀតផង គាត់មើលថែម្ដាយដោយទឹកមុខមានក្ដីសុខ គាត់និយាយថាសំណាងល្អណាស់ដែលភរិយាមិនបោះបង់គាត់ចោល ពេលនេះគាត់មិននៅឯកោទៀតឡើយ គាត់មានគ្រួសារសម្រាប់មើលថែ គាត់បានដាំផ្លែឈើជិតមួយហិតានៅដីខាងក្រោយផ្ទះ បំណងថាថ្ងៃណាមួយនឹងបានយកទៅលក់នៅឯផ្សារ ទោះបីកូនប្រុសនៅមិនទាន់ហៅថាពុកក៏ដោយ ប៉ុន្ដែភាពស្និតស្នាលរវាងឪពុកនិងកូនកាត់តែល្អឡើង។
កូនប្រុសចាប់ផ្តើមនិយាយខ្លះហើយ ទោះបីមិនច្រើនក្ដី តែសមល្មមនឹងធ្វើឲ្យគាត់អាចញញឹមបាន កន្លងផុតទៅ៣ឆ្នាំ គាត់មានប្រាក់សម្រាប់ជួសជុលផ្ទះ គាត់បានជួលមនុស្សមកថែទាំចំការផ្លែឈើ នៅពេលនោះកូនប្រុសគាត់ចាប់ផ្ដើមហៅពុកខ្លះហើយ រាល់ថ្ងៃក្រោយពេលចេញពីសាលារៀន កូនប្រុសតែងតែចូលទៅចំការដើម្បីជួយមើលថែ គាត់មិនចង់គិតឡើយថាប្រសិនបើមិនបានជួបភរិយា ជីវិតគាត់និងម្ដាយរបស់គាត់នៅថ្ងៃនេះប្រកដជាជួបផលអាក្រក់ក៏ថាបាន គាត់គិតក្នុងចិត្តថាពេលវេលាត្រឹមតែ៣ឆ្នាំ ក៏នៅមិនអាចទូទាត់ភាពលំបាករបស់ភរិយាកន្លងមកបានឡើយ។

ទោះបីគាត់ធ្លាប់ធ្វើខុសពីមុន ប៉ុន្ដែថ្ងៃនេះគាត់អាចកែប្រែចិត្តគំនិតទៅជាមនុស្សល្អ សង្គមក៏ព្រមឲ្យអភ័យដែរពិតមែនទេចា៎? មូលហេតុមួយដែលធ្វើឲ្យជីវិតគាត់កាន់តែប្រសើរឡើងក៏ព្រោះតែមានភរិយាល្អនៅក្បែរខ្លួន នាងប្រៀបដូចជាពន្លឺទៀនដែលឆ្លុះបង្ហាញផ្លូវដើម្បីកែប្រែជីវិតគាត់ទៅរកផ្លូវត្រូវនិងមានសុវត្ថិភាព។

ដូច្នេះហើយមនុស្សដែលធ្លាប់មានកំហុស បើសិនជាព្យាយាមតាំងស្មារតីប្រតិបត្តិខ្លួនជាមនុស្សថ្មី មនុស្សដែលខុសហើយព្រមទទួលកំហុសនិងចេះកែខ្លួនជាមនុស្សល្អ រាប់បានថាជាបុគ្គលគួរឲ្យសរសើរនិងជាមនុស្សដែលមានអនាគតភ្លឺស្វាង។




Comments