
ថ្ងៃនេះខ្មែរណោវសូមបង្ហាញវិធីសាស្រ្តបណ្ដុះផ្សិតកញ្ចូរ មកចែកជូនបងប្អូនទាំងអស់គ្នា សម្រាប់ "ផ្សិតកញ្ចូរ" ជាផ្សិតដែលដុះលូតលាស់បានល្អនៅក្នុងស្ថានភាពធម្មជាតិ មានសំណើមនិងសីតុណ្ហភាពល្មមសមរម្យ ហើយដោយសារតែដំបូកកណ្ដៀរជាប្រភពដែលមានសំណើមសមរម្យ នៅពេលដែលភ្លៀងធ្លាក់បណ្ដាលឲ្យសត្វកណ្ដៀរបានជម្លៀសខ្លួនចេញពីសំបុកចាស់ ក៏លេចឡើងជាផ្សិតតូចៗ ទើបធ្វើឲ្យផ្សិតដុះលូតលាស់ចេញពីដំបូកនោះឯង។

ជាទូទៅ ផ្សិតកញ្ចូរ ពិបាករកណាស់ ហើយវាដុះក្នុងមួយឆ្នាំម្ដង បណ្ដាលឲ្យផ្សិតនេះមានតម្លៃខ្ពស់ វាមានរសជាតិផ្អែមឆ្ងាញ់ជាងផ្សិតដទៃទៀត អាចយកទៅបបរ, ស្ងោរ, ឆា និងអាចចម្អិនជាអាហារបានច្រើនមុខ សូម្បីតែទឹកស្ងោរផ្សិតកញ្ចូរក៏មានរសជាតិផ្អែមបែបធម្មជាតិផងដែរ។

+របៀបបណ្ដុះផ្សិតកញ្ចូរ៖
-វត្ថុធាតុដើម៖

-បាយស ១ គីឡូក្រាម។
-សំបុកកណ្ដៀរ កន្លះគីឡូក្រាម។
-ទឹក ២០ លីត្រ។

+របៀបធ្វើ៖
១.លាយបាយសនិងសំបុកកណ្ដៀរច្របល់ចូលគ្នាឲ្យសព្វ រួចលាយជាមួយទឹក ២០ លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ប្រហែល ៧-១០ ថ្ងៃ។

២.បន្ទាប់ពីជំហានដំបូង យើងនឹងឃើញល្បាយដែលបានផ្អាប់ទុកប្រែទៅជាពណ៌សល្អក់ ត្រូវយកល្បាយនោះទៅស្រោចលើនិងជុំវិញដំបូកកណ្ដៀរ បន្ទាប់មកយកចំបើង ឬស្មៅស្ងួតៗមកគ្របពីលើ ត្រូវស្រោចទឹកឲ្យមានសំណើមជានិច្ច ទុកចោលរយៈពេលប្រហែល ១០-១៥ ថ្ងៃ ផ្សិតនឹងចាប់ផ្ដើមដុះ ហើយយើងអាចប្រមូលផលបានជារៀងរាល់ឆ្នាំ កាន់តែស្រោចលើដំបូកញឹកញាប់កាន់តែល្អ។

ផ្សិតកញ្ចូរ មានអត្ថប្រយោជន៍ដូចជាជួយចំណង់អាហារ ប៉ូវកម្លាំង បំបាត់រាកមួល បំបាត់ការចង្អោរ ក្អូត បំបាត់ក្អករំលាយស្លេស្ម៍ ម៉្យាងទៀតតាមការពិសោធន៍ពីវេជ្ជសាស្ត្របានរកឃើញថាទឹកដែលចេញពីផ្សិតកញ្ចូរអាចបង្ការជំងឺ មួយចំនួនដូចជាជំងឺគ្រុនពោះវៀនបានផងដែរ។
Comments
Post a Comment