ជីវិតមើលមិនឃើញបុរសម្នាក់ស្លៀកពាក់ធម្មតាមកញ៉ាំគុយទាវនៅហាងនារីម្នាក់រាល់ថ្ងៃថ្ងៃមួយគាត់សុំនារីរៀបការទីបំផុតទើបដឹងថា


ដើម្បីចិញ្ចឹមជីវិតមើលថែទាំម្ដាយដែលឈឺធ្ងន់ផង និងជួយប្អូនប្រុសដែលកំពុងនៅរៀនមហាវិទ្យាល័យផង ខ្ញុំសម្រេចចិត្តមកលក់គុយទាវ ហាងរបស់ខ្ញុំងាយស្រួលណាស់ រទះរុញ១ និងតុ២-៣ រុញទៅដល់កន្លែងណាក៏លក់បានកន្លែងហ្នឹង ថ្ងៃខ្លះលក់ដាច់ក៏បាន ១,០០០-១,៥០០បាត (ប្រហែល១២០,០០០-១៨០,០០០រៀល) ថ្ងៃណាស៊យខាតចុងខាតដើម នរណាទៅដឹងថាមនុស្សក្រៗដូចជាខ្ញុំថ្ងៃមួយនឹងបានជួបព្រះអង្គម្ចាស់។
គាត់មកញាំគុយទាវនៅហាងរបស់ខ្ញុំជាប្រចាំ ហើយថែមទាំងកម្មង់ម៉ឺនុយណាដែលថោកបំផុតទៀតផង ពេលខ្លះយើងបាននិយាយគ្នាខ្លះដែរ ភាគច្រើនគាត់សួរខ្ញុំថាថ្ងៃនេះលក់ដាច់ដែរទេ? គាត់ស្លៀកពាក់ធម្មតា ពេលណាមកញាំគុយទាវនៅហាងរបស់ខ្ញុំគាត់តែងតែដើរមក មើលមិនដឹងឡើយថាជាមនុស្សមានលុយ គាត់ថែមទាំងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគាត់ក្រទៀតផង ក្រក្រដល់ថ្នាក់មកញ៉ាំគុយទាវថោកៗរាល់ថ្ងៃ។
ថ្ងៃមួយគាត់សួរខ្ញុំថា៖ មានសង្សារទេ? ខ្ញុំឆ្លើយតបទៅវិញថា៖ "ខ្ញុំក្រយ៉ាងនេះ ម៉ែធ្លាក់ខ្លួនឈឺត្រូវមើលថែគាត់ ណាមួយជួយប្អូនកំពុងរៀនទៀត តើមានបុរសណាគេនឹងហ៊ានមកស្នេហ៍ខ្ញុំទៅ" គាត់ប្រាប់ថា ៖ ខ្ញុំហ៊ាន…

បទសន្ទនារបស់យើងទាំងពីរត្រូវបានបញ្ចប់ត្រឹមនោះ ខ្ញុំមិនឆ្លើយតបអ្វីទាំងអស់ តែចាប់ពីថ្ងៃនោះមករាល់ថ្ងៃនាពេលល្ងាចម៉ោង៦ គាត់មកជួយខ្ញុំនៅហាងមិនដែលខាន រហូតដល់ថ្ងៃនៃក្ដីស្រឡាញ់ឆ្នាំ ២០១៣ មិនឃើញគាត់មកទៀតឡើយ "គាត់អាចនឹងមានណាត់" ខ្ញុំគិត ខ្ញុំក៏លួចតូចចិត្តតិចៗដែរ ប៉ុន្ដែគាត់លេចមុខមកនៅម៉ោង៨យប់ ព្រមទាំងមានផ្កាមួយបាច់ធំ បន្ទាប់មកគាត់ក៏សុំខ្ញុំធ្វើជាសង្សារ ពួកយើងបានចាប់ផ្ដើមស្គាល់ចិត្តគ្នាតាំងពីថ្ងៃនោះមក។ កន្លងផុតទៅជាច្រើនខែគាត់បានបបួលខ្ញុំទៅសំពះពុកម៉ែរបស់គាត់ ប៉ុន្ដែខ្ញុំពន្យាពេលរហូត លុះកន្លងផុតទៅជិតមួយឆ្នាំ ម្ដាយរបស់ខ្ញុំមានអាការល្អឡើយវិញ ខ្ញុំក៏បានមានឱកាសទៅជម្រាបសួរឪពុកម្ដាយគាត់ ពេលទៅដល់ទ្វារផ្ទះភ្លាម ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះផ្ទះរបស់គាត់ធំណាស់ជាអ្នកមានទៀតផង ខ្ញុំមិនដែលដឹងពីមុនឡើយ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនសក្ដិសមនិងគាត់ទេហើយក៏មិនគួររឹងទទឹងជាមួយស្នេហាដែលទៅមិនរួចនេះដែរ ប៉ុន្ដែគាត់បានសុំឱកាសឲ្យគាត់ម្ដង។ក្រោយពីបានទៅជួបឪពុកម្ដាយរបស់គាត់ ពួកគាត់ពេញចិត្តនឹងខ្ញុំណាស់ ទទួលរាក់ទាក់បានយ៉ាងល្អ ពេលនេះខ្ញុំទើបដឹងច្បាស់ថា ខ្ញុំធ្លាប់បានជួបឪពុករបស់គាត់កាលពីឆ្នាំ២០១២។

គាត់មានជម្ងឺមនុស្សចាស់ការចងចាំខ្សោយ ពេលខ្លះក៏ចាំបាន ពេលខ្លះភ្លេចភ្លាំងចាំអ្វីមិនបានឡើយ ថ្ងៃមួយនៅក្នុងឆ្នាំ២០១២ គាត់បានដើរវង្វេងផ្លូវចូលទៅកន្លែងហាងរបស់ខ្ញុំ ពេលឃើញភ្ញៀវក្រោកចេញឃើញមានគុយទាវនៅសល់គាត់ក៏អង្គុយពិសា គាត់ថាខ្ញុំមិនត្រឹមតែមិនដេញគាត់ ថែមទាំងយកចានគុយទាវនោះទៅចាក់ចោលហើយធ្វើចានថ្មីមកជូន ក្រោយពិសារួចហើយគាត់មិនទៅណាទេ ពេលសួរគាត់ទើបដឹងថាគាត់វង្វេងផ្លូវ ក៏នាំគាត់ទៅស្ថានីយ៍ប៉ូលីស ពេលគាត់ត្រឡប់ទៅផ្ទះវិញគាត់ក៏និយាយប្រាប់រឿងនេះឲ្យកូននិងភរិយាស្ដាប់ នេះជារឿងធម្មតាៗដែលត្រូវតែធ្វើមិនថាចឹងហ៎! ប៉ុន្ដែវាបែរជាចំណុចដែលផ្លាស់ប្ដូរជីវិតរបស់ខ្ញុំទៅវិញ ស្វាមីរបស់ខ្ញុំឈានជើងមកហាងរបស់ខ្ញុំដើម្បីញ៉ាំគុយទាវ និងរកឱកាសជូនប្រាក់ដើម្បីជាសគុណដល់ខ្ញុំ ប៉ុន្ដែគាត់បែរជាមានអារម្មណ៍ថាគុយទាវនៅហាងរបស់ខ្ញុំកាន់តែញ៉ាំកាន់តែឆ្ងាញ់។
បច្ចុប្បន្ននេះស្វាមីរបស់ខ្ញុំបានបើកហាងឲ្យខ្ញុំយ៉ាងធំ ខ្ញុំមានកន្លែងប្រកបមុខរបររកស៊ីបានដោយរលូន ពុកក្មេកម៉ែក្មេកស្រលាញ់ខ្ញុំណាស់ ប្អូនប្រុសខ្ញុំបានរៀនចប់ហើយ ខ្ញុំក៏មានផ្ទៃពោះ ជីវិតដ៏មានសុភមង្គលរបស់ខ្ញុំបានចាប់ផ្តើមហើយ ទោះបីកន្លងមកវាជូរចត់យ៉ាងណា តែពេលនេះបានល្អប្រសើរហើយ។

Comments
Post a Comment