
ខុងជឺ គឺជាអ្នកទស្សនវិទូចិនមួយដ៏ល្បីល្បាញមួយរូបក្នុងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកពាក្យទូន្មានប្រៀនប្រដៅជាច្រើន ចំពោះផ្នត់គំនិត និងជីវិតរស់នៅរបស់ប្រជាជនចិន កូរ៉េ ជប៉ុន វៀតណាម រហូតដល់គេចាត់ជាលទ្ធិមួយ។ តាមការកត់ត្រា ខុងជឺ កើតនៅឆ្នាំ ៥៥១មុនគ្រិស្តសករាជ និងស្លាប់ទៅវិញ នៅឆ្នាំ ៤៧៩ មុនគ្រិស្តសករាជ។ ខាងក្រោមនេះ ជាពាក្យទូន្មាន ៥ឃ្លា ដែលមានន័យខ្លាំងបំផុត ចំពោះជីវិត អានហើយធូរស្បើយចិត្ត។

១. ជីវិតតាមពិតសាមញ្ញខ្លាំងណាស់ តែយើងចេះតែធ្វើឲ្យវាស្មុគស្មាញ៖ មនុស្សជាច្រើន ចេះតែធុញថប់នឹងជីវិត គិតថាកើតមកលំបាក ព្រោះតែសម្លឹងមើលខ្ពស់ពេក។ ប៉ុន្តែគេមិនធ្លាប់យកពេលខ្លះមករំលឹកឡើងវិញ ថាពីមុនមកខ្លួនធ្លាប់ជួបប្រទះអ្វីខ្លះ ទម្រាំដើរមកដល់ចំណុចនេះ ទម្រាំមានថ្ងៃនេះ ឆ្លងកាត់អ្វីខ្លះ? ហេតុអ្វីពីមុនអាចដើរមកបាន? ហេតុអ្វីមិនប្រៀបធៀបខ្លួនឯងពូមុន មកឥឡូវ ថាខុសគ្នាប៉ុណ្ណា។
ពិតណាស់ ជីវិតមនុស្សម្នាក់ៗ ត្រូវមានក្ដីស្រមៃ ត្រូវសម្លឹងខ្ពស់ មើលឲ្យបានវែងឆ្ងាយ ដើម្បីឲ្យជីវិតថ្កុំថ្កើងឡើង ប៉ុន្តែមិនត្រូវឲ្យវាមករំលាយក្ដីសុខរបស់អ្នកនោះទេ។ ប្រឹងប្រែងរកស៊ី ធ្វើការគ្រប់សព្វ តែមិនត្រូវតូចចិត្តនឹងជីវិតខ្លាំងពេក មិនត្រូវគិតថាលំបាកពេក។ ត្រូវយកពេលវេលានោះ មករកក្ដីសុខខ្លះដាក់ខ្លួន ផ្ដល់ក្ដីស្រលាញ់ដល់មនុស្សក្បែរខ្លួន និងក្រុមគ្រួសារ នោះអ្នកនឹងរកឃើញភាពសាមញ្ញមួយនៃជីវិត។
មនុស្សសុទ្ធតែមានការប្រៀបធៀប សុទ្ធតែសម្លឹងខ្ពស់ ហើយប្រឹងតាម រហូតបាត់អស់ក្ដីសុខនៃជីវិត។ បើមានលុយ មានអំណាច សុទ្ធតែតែមានក្ដីសុខ និងសុភមង្គល មិនមែនអ្នកមានភាគច្រើន ឈ្លោះទាស់ទែងគ្នាទេ រហូតមានអ្នកខ្លះសម្លាប់ខ្លួននោះទេ។ ជីវិតមនុស្សខ្លីណាស់ ធ្មេចបើក ធ្មេចបើក គឺ ១ឆ្នាំ ហើយ១ឆ្នាំនោះ តើមានប៉ុន្មានដង? សាករាប់ឡើងវិញ តើអ្នកនៅសល់ពេលវេលាប៉ុន្មានទៀត?
ខុងជឺ បង្រៀនមនុស្សឲ្យមានភាពស្មោះត្រង់ រស់នៅដោយចិត្តបរិសុទ្ធ នឹងអាចស្វែងរកសុភមង្គលពិតនៃជីវិត។ កុំព្យាយាម ធ្វើឲ្យវាស្មុគស្មាញខ្លាំងពេក កុំព្យាយាមគិតតែពិបាកចិត្តខ្លាំងពេក គឺរៀនទទួលយក ហើយចេះសប្បាយចិត្ត ដាក់មនុស្សដែលស្រលាញ់អ្នករៀងរាល់ថ្ងៃ។ កុំចំណាយពេលខឹង និងឈ្លោះច្រើនពេក ព្រោះ ១នាទី ដែលអ្នកខឹង និងឈ្លោះជាមួយអ្នកដទៃ គឺអ្នកបំផ្លាញសេចក្ដីសុខរបស់ខ្លួនឯង១នាទីដែរ។
២. គ្រប់យ៉ាងសុទ្ធតែស្រស់បំព្រង តែមិនមែនគ្រប់គ្នាបានឃើញទេ៖ ពិតណាស់ អ្វីក៏មានតម្លៃ និងភាពស្រស់ស្អាតរបស់វាដែរ។ ជាក់ស្ដែងជីវិតមនុស្សម្នាក់ៗ មានភាពស្រស់បំព្រងរៀងខ្លួន គ្រាន់តែអ្នកខ្លួនឯង មិនបានមើលឃើញវាប៉ុណ្ណោះ។ សេដ្ឋីម្នាក់ ដែលមានទ្រព្យសម្បត្តិហូរហៀរ បានចេញវាលស្រែ ឃើញកសិករច្រូតបណ្ដើរ ច្រៀងបណ្ដើរ ជជែកគ្នាបណ្ដើរ ក៏ចាប់ផ្ដើមធុញថប់ជីវិតខ្លួនឯងដែលព្រួយបារម្ភមើលទ្រព្យសម្បត្តិរាល់ថ្ងៃ។ ចំណែកកសិករក្រឡេកមកឃើញសេដ្ឋី ស្លៀកពាក់ស្អាតបាត ដើរយ៉ាងសង្ហារ មានអ្នកការពារឆ្វេងស្ដាំ ក៏នាំគ្នាច្រណែន ថាមិនបានស្រួលដូចគេ។
តាមពិត បើអ្នកចេះស្រលាញ់អ្វីជុំវិញខ្លួន នោះអ្នកនឹងឃើញភាពស្រស់បំព្រងរាល់ថ្ងៃ មិនថាអ្វីដែលអ្នកមាន ការងាររបស់អ្នក មនុស្សជាទីស្រលាញ់របស់អ្នកនោះទេ។ អ្វីក៏ដោយ នៅពេលដែលអ្នកមានក្បែរខ្លួន គឺមិនសូវចង់បាន មិនសូវស្រលាញ់ប៉ុន្មានទេ ប៉ុន្តែនៅពេលបាត់បង់ ទើបឃើញថាវាមានតម្លៃ និងគួរឲ្យស្ដាយប៉ុណ្ណា ហើយក៏នឹកឃើញថាវាមានភាពស្រស់បំព្រង មិនអាចបាត់បង់បាន។
៣. ជ្រើសរើសការងារដែលស្រលាញ់ អ្នកនឹងគ្មានអារម្មណ៍ថា កំពុងធ្វើការសូម្បីមួយថ្ងៃ៖ មនុស្សគ្រប់គ្នា សុទ្ធតែត្រូវធ្វើការងារ សូម្បីអ្នករកស៊ីក៏ត្រូវធ្វើការដើម្បីខ្លួនឯងដែរ។ បើអ្នកមិនអាចស្វែងរកការងារដែលខ្លួនស្រលាញ់បាន នោះអ្នកនឹងមានអារម្មណ៍ថាហត់នឿយ គឺធ្វើការចាំដល់ថ្ងៃបើកប្រាក់ខែប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកមានការងារដែលស្រលាញ់ នោះការងារប្រៀបដូចជាការកម្សាន្ត ហើយមានអារម្មណ៍ថាចង់ទៅកន្លែង ដោយគ្មានការនឿយហត់ឡើយ។
៤. អ្វីដែលមិនចង់ឲ្យកើតលើខ្លួនអ្នក កុំធ្វើលើអ្នកដទៃ៖ មនុស្សគ្រប់គ្នា សុទ្ធតែចង់បានសេចក្ដីសុខផ្ទាល់ខ្លួន មិនខុសពីអ្នកឡើយ។ អ្វីដែលអ្នកមិនចូលចិត្ត មិនចង់ឲ្យកើតលើអ្នក សូមកុំធ្វើលើអ្នកដទៃ ព្រោះគេក៏មានគំនិតដូចអ្នកដែរ។ រស់នៅបែបនេះ ជីវិតនឹងមានក្ដីសុខទាំងអស់គ្នា ហើយពោរពេញដោយភាពស្រស់បំព្រង។
៥. វាងាយស្រួលណាស់ក្នុងការស្អប់ តែពិបាកក្នុងការស្រលាញ់។ រឿងល្អពិបាកសម្រេច ហើយរឿងអាក្រក់ងាយស្រូលកើតឡើង៖ ធ្លាប់មានសិស្សម្នាក់ថ្ងូរប្រាប់គ្រូថា "រៀនពិតជាពិបាកណាស់" គ្រូក៏ប្រាប់សិស្សវិញថា "បើរៀនស្រួល នោះគ្រប់គ្នាសុទ្ធតែជាប់លេខ១ហើយ"។ តាមពិត អ្វីដែលល្អៗ គឺពិបាកសម្រេចណាស់ ដូចនេះបើអ្នកប្រឹងខ្លាំង អ្នកក៏ទទួលបានតាមការខំប្រឹងនោះដែរ។ ប៉ុន្តែបើអ្នក ខ្លាចពិបាក នោះអ្នកមិនអាចទទួលបានអ្វីដែលចង់បាននោះទេ៕
Comments
Post a Comment