
ជាអច្ឆរិយមួយដែលល្បីល្បាញ និងមានអាថ៌កំបាំងដ៏ច្រើន ប្រាសាទពីរ៉ាមីត Giza គឺជាកន្លែងមួយដែលគេគ្រប់ៗគ្នាតែងតែប្រាថ្នាចង់ទៅទស្សនា។
១. ក្នុងចំណោមប្រាសាទពីរ៉ាមីតជិត ១៣០ ដែលត្រូវបានគេរកឃើញ មានតែប្រាសាទពីរ៉ាមីត ៣ ប៉ុណ្ណោះ (Cheops ឬ The Great Pyramid, Chephren, និង Mycerinus) ដែលត្រូវបានគេស្គាល់ល្បីល្បាញ។

២. ប្រាសាទពីរ៉ាមីត ជាសម្បត្តិអច្ឆរិយចាស់ជាងគេ និងជាសម្បត្តិអច្ឆរិយតាំងពីសម័យបុរាណ ដែលនៅសល់រហូតមកដល់សព្វថ្ងៃនេះ ដោយសារសម្បត្តិអច្ឆរិយផ្សេងៗទៀត ត្រូវបានខូចខាតបាត់បង់រូបរាងអស់ទៅហើយ។

៣. ប្រាសាទពីរ៉ាមីត ត្រូវបានគេជឿថាសាងសង់ពីដុំថ្មធំៗ ប្រមាណជាង ២លានដុំ ដែលអាចមានទម្ងន់ប្រហែលពី ២ ទៅ ៥០ តោន។ គេប៉ាន់ស្មានថាប្រហែលជាមានមនុស្សប្រមាណជាង ១០០ ០០០ នាក់ ដែលជាអ្នកសាងសង់ បើទោះជាគេមិនទាន់ដឹងថាតើមនុស្សជំនាន់នោះ ប្រើប្រាស់វិធីសាស្រ្តណាដើម្បីសាងសង់ក៏ដោយ។

៤. គ្រប់ប្រាសាទពីរ៉ាមីតទាំងអស់ សុទ្ធតែត្រូវបានគេសាងសង់ឡើងនៅតាមជ្រោយខាងលិចនៃដងទន្លេនីល ដែលគេជឿថាជាកន្លែងដែលព្រះអាទិត្យលិច តំណាងឲ្យការរលត់នៃជីវិត។

៥. គេជឿថាប្រាសាទពីរ៉ាមីត ពីដំបូងមានទម្រង់ជ្រុង និងមានស្ថាបត្យកម្មល្អស្អាត ដែលថ្មមានជ្រុងត្រឹមត្រូវដែលអាចបង្កើតចំណាំងពីពន្លឺព្រះអាទិត្យទៀតផង។ ប៉ុន្តែដោយពេលវេលាកន្លងផុតទៅ ធម្មជាតិ និងមនុស្សបានធ្វើឲ្យប្រាសាទដ៏អស្ចារ្យនេះខូចរូបរាងបន្តិចម្តងៗ។

៦. ទោះបីជាកម្តៅដ៏ក្តៅខ្លាំងនៅលើវាលខ្សាច់ខាងក្រៅប្រាសាទក៏ដោយ សីតុណ្ហភាពនៅខាងក្នុងប្រាសាទមានប្រមាណជា ២០ អង្សារសេ ដែលជាសីតុណ្ហភាពមធ្យមនៃភពផែនដី។

៧. នៅខាងក្នុងប្រាសាទពីរ៉ាមីតនេះ មាននូវប្រអប់មួយដែលគេធ្វើពីក្រានីត ដែលមើលទៅធម្មតាទាំងអស់ រហូតដល់ពេលដែលអ្នកចាប់ផ្តើមគិតថាតើគេយកវាចូលមកក្នុងកាត់តាមផ្លូវដ៏តូចចង្អៀត តាមរបៀបណា? ហេតុនេះហើយទើបមានមតិមួយចំនួនបានសន្មតថា ប្រាសាទពីរ៉ាមីតទាំងមូលត្រូវបានគេសាងសង់នៅជុំវិញប្រអប់នេះ។

៨. ឧទាហរណ៏ដែលបង្ហាញពីកម្រិតស្ថាបត្យកម្មដ៏មហិមារបស់ជនជាតិអេស្សីប គឺការដែលប្រាសាទនេះត្រូវបានគេសាងសង់ឡើងដោយមានទម្រង់សម្រាប់ទ្រាំទ្រទៅនឹងគ្រោះរញ្ជួយដី និងការរីកមាឌដោយកម្តៅផងដែរ។

៩. ប្រាសាទពីរ៉ាមីត មានទ្វារបើកដ៏ធំមួយ ដែលគេជឿថាមានទម្ងន់ប្រមាណជិត ២០តោន ប៉ុន្តែអាចឲ្យគេរុញបើកបានយ៉ាងងាយពីខាងក្នុង និងមិនងាយចំណាំបានឡើយ បើមើលពីខាងក្រៅមកវិញ។

Comments
Post a Comment