
បន្ទាប់ពីកាន់ទូរស័ព្ទ អូសចុះ អូសឡើងមើលហ្វេសប៊ុកហើយពេញមួយព្រឹក តើអ្នកធ្លាប់ទេ ស្រាប់តែចាប់ផ្តើមមានអារម្មណ៍ថាពិបាកចិត្ត ឬអន់ចិត្តបន្ទាប់ពីឃើញសកម្មភាពសប្បាយរីករាយ ភាពជោគជ័យក្នុងជីវិត ការងារ ស្នេហា របស់មិត្តភក្តិអ្នកដទៃទៀតក្នុងហ្វេសប៊ុក?
ពេលដែលមើលឃើញសកម្មភាពរីករាយរបស់អ្នកដទៃ អ្នកគួរតែមានអារម្មណ៍រីករាយជំនួសពួកគេ ប៉ុន្តែហេតុអ្វីបានជាសកម្មភាពទាំងនោះបែរជាធ្វើឱ្យអ្នកមានអារម្មណ៍ផ្ទយទៅវិញ។ ពិតណាស់ វាជាអារម្មណ៍ច្រណែនដែលកើតចេញមកពីការលេងហ្វេសប៊ុក ឬបណ្តាញទំនាក់ទំនងដទៃទៀតនេះឯង។
តើអ្វីទៅដែលនាំឱ្យអ្នកចាប់ផ្តើមមានអារម្មណ៍បែបនេះ?
ធម្មជាតិរបស់មនុស្សគឺតែងចង់ល្អជាងអ្នកដទៃ
ការដឹងអំពីធម្មជាតិរបស់យើងម្នាក់ៗ គឺអាចជួយបកស្រាយរោគសញ្ញាបែបនេះបានយ៉ាងច្បាស់។ មនុស្សយើងម្នាក់ៗ ជាបុគ្គលសង្គមដែលត្រូវការមានទំនាក់ទំនងជាមួយមនុស្សដទៃ ហើយមនុស្សយើងក៏មានភ្ជាប់មកជាមួយនូវផ្នត់គំនិតប្រកួតប្រជែងចង់ឈ្នះអ្នកដទៃផងដែរ។ ពិតណាស់ គឺមនុស្សយើងចូលចិត្តបង្ហាញអំនួត និងចូលចិត្តបង្ហាញទៅកាន់មនុស្សជុំវិញខ្លួនអំពីភាពជោគជ័យរបស់ខ្លួន និងការដែលពួកគេកំពុងរីករាយនឹងជីវិតរស់នៅរបស់ពួកគេ ជាពិសេសគឺកាន់តែងាយស្រួលជាមួយនឹងបច្ចេកវិទ្យាថ្មី ដូចជានៅក្នុងហ្វេសប៊ុក ឬបណ្តាញសង្គមដទៃទៀត។ ដោយសារតែទំនោលនេះហើយ ការសិក្សាមួយបានបង្ហាញថាអ្នកដែលប្រើប្រាស់បណ្តាញសង្គមទាំងនោះ ចាប់ផ្តើមធ្វើការប្រៀបធៀបខ្លួនឯងទាំងមិនដឹងខ្លួន ជាមួយនឹងភាពអស្ចារ្យ សប្បាយរីករាយរបស់អ្នកដទៃទៀត តាមរយៈអ្វីដែលពួកគេទាំងនោះបានបង្ហាញក្នុងបណ្តាញសង្គមទាំងនោះ ដែលនេះហើយជាមូលហេតុនាំឱ្យយើងចាប់ផ្តើមមានអារម្មណ៍ច្រណែន អន់ចិត្តដែលខ្លួនឯងពេលខ្លះ មិនមានភាពរីករាយ មិនមានភាពជោគជ័យដូចអ្នកដទៃទៀតក្នុងបណ្តាញសង្គម។ នៅពេលដែលអ្នកចាប់ផ្តើមមានបណ្តុះនូវគំនិតនេះបន្តិចម្តងៗទាំងមិនដឹងខ្លួន នៅពេលណាមួយអារម្មណ៍ពិបាកចិត្ត អារម្មណ៍ច្រណែននោះនឹងកាន់តែរីកធំឡើងៗ ហើយអាចនឹងច្រាលចេញនៅពេលណាមួយមិនខាន។
អាការៈទាំងនេះអាចនឹងនាំឱ្យអ្នកចាប់ផ្តើមមានសម្ពាធផ្លូវចិត្ត មានការបាក់ទឹកចិត្ត និងអាចបាត់បង់ជំនឿទុកចិត្តលើខ្លួនឯង ឬក៏អាចឱ្យអ្នកក្លាយទៅជាមនុស្សអកម្ម (passive) ក្នុងសង្គមផងដែរ ដែលសុទ្ធតែអាចប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកនៅពេលបច្ចុប្បន្ន ក៏ដូចជាអនាគតទៅមុខផងដែរ។
តើគួរធ្វើយ៉ាងណាដើម្បីអាចកាត់បន្ថយអារម្មណ៍ច្រណែននេះ?

ជាទូទៅប្រសិនបើអ្នកកំពុងមានអាការៈបែបនេះ អ្នកអាចមានវិធីសាស្រ្តងាយៗមួយចំនួនសម្រាប់កាត់បន្ថយអារម្មណ៍បែបនេះដូចជា៖
ព្យាយាមលុបចោល (unfriend ឬ block) ឬឈប់ខ្វល់ខ្វាយពី មិត្តភក្តិណាដែលចូលចិត្តពន្លើសអួតអំពីជីវិតជោគជ័យរបស់គេ ដែលអាចមិនមែនជាការពិត ចេញពីគណនីបណ្តាញសង្គមរបស់អ្នក។ កុំមានអារម្មណ៍ខ្មាស់អៀនក្នុងការបញ្ចេញឱ្យគេដឹងអំពីភាពជោគជ័យ ភាពសប្បាយរីករាយរបស់ខ្លួន ប៉ុន្តែមិនចាំបាច់អួតខុសពីការពិតនោះទេ។ ព្យាយាមកាត់បន្ថយពេលវេលាប្រើប្រាស់បណ្តាញសង្គម។ ប្រើប្រាស់បណ្តាញសង្គមដើម្បីជាមធ្យោបាយទំនាក់ទំនង ជាជាងជាកន្លែងសម្រាប់អួតខ្លួនឯងទៅនឹងអ្នកដទៃ៕
Comments
Post a Comment