
អេអេហ្វភី បានរាយការណ៍ថា ប៉ូលិសកោះបឺនៀវ ប្រទេស ឥណ្ឌូនេស៊ី បានទទួលបណ្ដឹងពីហេតុការណ៍អ្នកស្រុកវះពោះក្រពើយក្សដែលមានដងខ្លួនប្រវែងជាង ៦មែត្រ ប្រទះឃើញថាបំណែកដៃនិងជើងរបស់មនុស្សនៅក្នុងពោះក្រពើមួយក្បាលនោះ។ ហេតុការណ៍កើតឡើងនៅបរិវេណច្រាំងទន្លេជាប់ចំការដូង ដែលស្ថិតនៅកក្នុងខេត្ត កាលិម៉ាន់តាន់ ។
ជាបឋមគេបានសន្និដ្ឋានថា នេះជាបំណែកសាកសពនាយ អេនឌី អាសូអ៊ីរ៉ាំង អាយុ ៣៦ឆ្នាំ ដែលបាត់ខ្លួនទៅពីបរិវេណមាត់ច្រាំងទន្លេជាប់ចំការដូងកាលពី ២ថ្ងៃមុន ពេលដែលទៅរកគេបានឃើញតែម៉ូតូនិងស្បែកជើងស៊ក ដោយមានការប្រមូលម្ដុំគ្នាចេញស្វែងរករហូតប្រទះឃើញសាកសពនាយ អេនឌី អណ្ដែតនៅក្នុងទន្លេក្នុងសភាពសពអត់ដៃអត់ជើង ដោយភរិយារបស់នាយ អេនឌី បានឲ្យដឹងថា មុនកើតហេតុ ស្វាមីរបស់ខ្លួនបានចេញពីផ្ទះទៅបរបាញ់សត្វ តែមិននឹកស្មានថានឹងមកស្លាប់វេទនាបែបនេះឡើយ។
ក្រោយមកអ្នកស្រុកប្រទះឃើញក្រពើយក្សក្នុងបរិវេណក្បែរៗហ្នឹង ទើបជួយគ្នាសម្លាប់ក្រពើហើយវះពោះមើលក៏ឃើញបំណែកដៃនិងជើងរបស់នាយអេនឌី ដោយជឿថាជារបស់ជនរងគ្រោះរូបនេះពិតមែន៕
Comments
Post a Comment