
ត្រីពីរ៉ាញ៉ា (Piranha) មានលក្ខណៈខុសប្លែកពីត្រីធម្មតាដោយសារវា អាចបង្កគ្រោះថ្នាក់ដល់មនុស្សបានបើទោះបីជាវាមានទំហំតូចក៏ដោយ ហើយបើតាមរយៈខ្សែភាពយន្ដ Piranha វាជាត្រីដ៏គួរឱ្យខ្លាច។
បើតាមភាសាក្នុងតំបន់អាម៉ាហ្សូន ពីរ៉ាញ៉ាមានន័យថា "ធ្មេញត្រី"។
ត្រីពីរ៉ាញ៉ាភាគច្រើនរស់នៅក្នុងទឹកទន្លេ ឬបឹង នៃទ្វីបអាមេរិកខាងជើង និងអាមេរិកខាងត្បូង។

វាអាចមានប្រវែងពី 14សង់ទីម៉ែត្រ ទៅ 43 សង់ទីម៉ែត្រ ។
ដងខ្លួនរបស់វាមានពណ៌ទឹកប្រាក់ និងមានស្នាមក្រហម ដែលធ្វើឱ្យវាអាចបន្លំខ្លួនបានយ៉ាងងាយក្នុងទឹកដែលមានភក់ជាកន្លែងស្នាក់អាស្រ័យរបស់វា។

តាមពិតទៅវាមិនមែនជាសត្វដែលស៊ីសាច់សុទ្ធដូចដែល អ្នកខ្លះគិតនោះទេ។ វាស៊ីទាំងរុក្ខជាតិ និងសត្វផ្សេងៗ ដែលវាអាចវាយប្រហារបាន ដូចជាខ្បង និងត្រីតូចៗ។ តែពេលខ្លះបើមានបក្សី ឬថនិកសត្វណាធ្លាក់ចូលទឹកពួកវាក៏នឹងត្រូវក្លាយជាចំណីរបស់ត្រីពីរ៉ាញ៉ាដែរ។

វាមានភាពសាហាវបន្តិចត្រង់ថា បើសិនជាខ្វះចំណីខ្លាំងពួកវាអាចនឹងវាយប្រហារស៊ីគ្នាឯង ហើយធ្មេញដ៏មុត និងថ្គាមដ៏រាំងមាំ អាចឱ្យវាបំផ្លាញប្រអប់ដៃមនុស្សបានដោយចំណាយពេលត្រឹម 5ទៅ 10វិនាទីប៉ុណ្នោះ ។
ម្យ៉ាងទៀតបើសិនជាមនុស្សរងការវាយប្រហារពីត្រីពីរ៉ាញ៉ាជាក្រុម គឺអាចរងគ្រោះថ្នាក់ដល់ជីវិតបាន។
អ្នកស្រុកក្នុងតំបន់ត្រីពីរ៉ាញ៉ារស់នៅ ក៏បានកែថ្នៃធ្មេញដ៏មុតស្រួចរបស់វាធ្វើជាអាវុធផ្សេងៗដែរ។
ដូចទៅនឹងត្រីឆ្លាម ត្រីពីរ៉ាញ៉ាមានប្រព័ន្ធញាណពិសេសដែលអាចចាប់បានទីតាំងសត្រូវឬចំណីខ្លួនតាមរយៈឈាមរបស់សត្រូវ ឬចំណីទាំងនោះ។

ត្រីពីរ៉ាញ៉ានេះផងដែរ មិនទាន់ប្រឈមមុខនឹងការផុតពូជឡើយដោយសារវាមិនសូវត្រូវបានគម្រាមកំហែងខ្លាំង ម្យ៉ាងទៀតការបង្កកំណើតរបស់វាមានលក្ខណៈអំណោយផលខ្លាំងដោយត្រីពីរ៉ាញ៉ាញីមួយក្បាលអាចមានពងដល់ទៅ 5,000 ពង។ ហើយដោយសារតែ ទាំង ត្រីពីរ៉ាញ៉ាញី និងឈ្មោល មើលថែពងវាបានល្អ ប្រមាណ 90% នៃពងទាំងអស់អាចញាស់បាន៕

Comments
Post a Comment